តុលាការអាហ្សង់ទីន កាត់ទោសវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា របស់លោក Maradona ពីបទមនុស្សឃាត
មនុស្សប្រាំបីនាក់ ដែលបានមើលថែវីរបុរសបាល់ទាត់ Diego Maradona នឹងត្រូវកាត់ទោសនៅតុលាការអាហ្សង់ទីន ពីបទមនុស្សឃាត បន្ទាប់ពីការស៊ើបអង្កេតលើការស្លាប់របស់លោក កាលពីខែវិច្ឆិកា ឆ្នាំ 2020 ដោយសារតែការគាំងបេះដូង។ នេះបើយោងតាមសេចក្តីសម្រេច ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សប្រាំបីនាក់ រួមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកចិត្តសាស្រ្តដែលមើលថែលោក Maradona នៅពេលលោកស្លាប់ ត្រូវបានចោទប្រកាន់ពីបទ "មនុស្សឃាតសាមញ្ញ" ដែលជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលមានន័យថា សម្លាប់ជីវិតដោយចេតនា។
ម្ចាស់ជើងឯក World Cup និងជាវីរបុរសអាហ្សង់ទីន លោក Diego Maradona បានទទួលមរណភាពនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងអាយុ ៦០ ឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់រាប់លាននាក់កាន់ទុក្ខ។ រដ្ឋអាជ្ញអាហ្សង់ទីន បានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីការស្លាប់របស់លោក រួមទាំងបញ្ជាអោយស៊ើបអង្កេតវេជ្ជបណ្ឌិតផ្ទាល់ខ្លួន និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធ។
ជនជាប់ចោទដែលមានឈ្មោះក្នុងសេចក្តីសម្រេចគឺ គ្រូពេទ្យវះកាត់សរសៃប្រសាទរបស់ Maradona វេជ្ជបណ្ឌិតផ្ទាល់ខ្លួន Leopoldo Luque អ្នកចិត្តវិទូ Agustina Cosachov អ្នកចិត្តសាស្រ្ត Carlos Diaz គិលានុបដ្ឋាយិកា Gisella Madrid និង Ricardo Almiron ប្រធានរបស់ពួកគេ Mariano Perroni និងវេជ្ជបណ្ឌិត Pedro Di Spagna និង Nancy Forlini ។
ក្រុមប្រឹក្សាវេជ្ជសាស្ត្រដែលត្រូវបានតែងតាំង ដើម្បីស៊ើបអង្កេតការស្លាប់របស់ Maradona បានបញ្ចប់ការស៊ើបអង្កេតនៅឆ្នាំ 2021 ដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់តារាបាល់ទាត់រូបនេះ ខ្វះខាតប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មនៃ "មនុស្សឃាតសាមញ្ញ" នៅក្នុងប្រទេសអាហ្សង់ទីន ជាធម្មតានាំឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារពី 8 ទៅ 25 ឆ្នាំ នេះបើយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេស៕