ផ្លូវការ! Arsenal យកបានខ្សែបម្រើវ័យក្មេងម្នាក់ពី Porto
ខ្សែបម្រើ Fabio Vieira បានផ្ទេរជាផ្លូវការមកកាន់ក្លិប Arsenal ក្នុងតម្លៃខ្លួន ៣៤,២លានផោន ពីក្លិបក្នុងលីគកំពូលរបស់ព័រទុយហ្គាល់ Porto។
Arsenal បានប្រកាសថា Vieira វ័យ២២ឆ្នាំនឹងចុះកុងត្រារយៈពេលវែងជាមួយពួកគេ។ នេះគឺជាកីឡាករទី៣ហើយដែល Arsenal នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីអ្នកចាំទីសញ្ជាតិអាមេរិក Matt Turner និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Marquinhos។
រដូវកាលមុន កីឡាករសញ្ជាតិព័រទុយហ្គាល់បានបង្ហាញទម្រង់លេងល្អមែនទែនដោយរកបាន៦គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល១៤គ្រាប់ក្នុងការបង្ហាញខ្លួន២៧ប្រកួតក្នុងលីគជួយ Porto លើកពាន Primerira Liga។ ត្បិតមិនទាន់ត្រូវបានកោះហៅលេងក្នុងឈុតធំជម្រើសជាតិ តែ Vieira ធ្លាប់ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ប្រកួត European Under-21 Championship កាលពីឆ្នាំមុន។
ក្នុងការផ្ទេរនេះ Vieira បានបង្ហាញចំណាប់អារម្មណ៍ថា នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងអាជីពរបស់គេ។ គេពិតជាស្រឡាញ់ Arsenal និងចង់ផ្ដល់គ្រប់យ៉ាងទៅកាន់ក្រុម។ គេតែងតែសរសើរពីរបៀបលេងរបស់ក្រុមមួយនេះ។ Dennis Bergkamp, Cesc Fabrigas, Santi Cazorla និង Thierry Henry គឺជាកីឡាករដែលគេចងចាំជាច្រើនឆ្នាំមកហើយ។ Arsenal គឺជាក្លឹបធំនិងក្លឹបប្រវត្តិសាស្ត្រ គេពិតជាសប្បាយចិត្តដែលបានមកលេងនៅទីនេះ៕